Song Title:ប្រឡងចម្រៀងអាយ៉ៃ
Artist: ច្រៀងជាពួក
Genre: Ayai
Lyric
(ប) ពុទ្ធោអរហំតាំងអងហែកមេឃ រន្ទះបាញ់បែកក្បាលមេក្របី
ដៃខ្ញុំប្រណម្យជង្គង់ខ្ញុំលុត សំបោរចេញភ្លុកប៉ុនភ្លុកដំរីនៅ
ឯណានាងមេត្រី សូមអញ្ចើញស្រីមកច្រៀងកុំអៀន
ធម្មតានំបញ្ចុកត្រូវតែមានល្បោយ លើកដៃបងបោយត្រូវតែចេះល្បៀន
(ស) ខ្ញុំមកដល់ហើយណា៎អ្នកស្មៀង ខ្ញុំមិនមែនអៀនដូចអ្នកថាអី។
ក្ងិងក្ងង់ក្បែរដើមក្ងោក ឲ្យតែហ៊ានក្រោក ច្បាស់ជាហ៊ានស្តី
ត្រីព្រលូងនៅមាត់ប្រឡាយ រលាស់ក្តោងខ្ចាយនៅគុម្ពពន្លៃ
ឮថាប្រុសបងជាអ្នកល្បី ចាំស្តាប់សំដីស្រីសួរឲ្យឆ្លើយ។
វិជ្ជាអ្វីខ្លះដែលចេះមិនបាច់រៀន ហើយចេះពេញប្រាណណា៎ ត្រាណត្រើយ (២ដង) ច្នេះសូមប្រុសលៃលកឆ្លើយ បានជួបបងហើយស្រីនៅសង្ស័យ។
(ប) ធម្មតាជាតិមនុស្សកើតក្នុងលោកា តាំងពីកុមារដល់ដឹងក្តីបើ
មិនបាច់រៀនវាមិនចេះអី ទ្រឹស្តីថាចេះមកពីរៀន។
(ស) ឆ្ងាយណាស់ ឆ្ងាយណាស់ខុសឆ្ងាយណាស់ គ្មានកេតគ្មានប៉ះទេអ្នកស្មៀន
ក្រឡិកក្រឡុក ក្បែរដើមក្រឡាញ់ ក្រឡដាក់
ខ្លាញ់នៅគៀនគ្រលៀន ឆ្លើយមកមិនត្រូវគួរឲ្យអៀន
សូម អញ្ចើញអ្នកស្មៀនថយចេញទៅ។
(និយាយ) ហ៎!ចាញ់ម្នាក់ហើយ មានអ្នកណាហ៊ានោឡើងទៀតទេ?
បើគ្មានអ្នកណាហ៊ាន ទុកឲ្យខ្ញុំឡើងកំដរអ្នកនាងចុះ!
(ស) រាងរៅមើលតែជីងចក់រលូត ស្ទើរក្អករបូតឡើងមកធ្វើអី
មុខស្លាំងភ្នែកស្លក់ដូចត្រីស្ងាត ធុំដូចក្រឡាតឈ្លក់ទឹកត្រី
(ប) អ៊ើ មកពីពាងនាងមិនគ្របអី ក្រឡាតចង្រៃវាឈ្លក់លេងទៅ។
(ស) កុំចេះស៊កសៀតដូចស្នៀតពោត ប្រយ័ត្នខ្ញុំដោតដូចអំពៅ
(ប) តើនាងមានត្រណោតប៉ុន្មានទៅ មេត្តាពាលពៅចែកឲ្យមួយផង។
(ស) ប្រុសនេះមាឌតូចសំដីធំ ច្រមុះដូចគ្រុំមាត់ដូចខ្យង
ប្រុសនេះមាឌតូចសំដីធំ ច្រមុះដូចគ្រុំមាត់ដូចខ្យង
(ប) បើនាងទំនេរយកចានត្រង ចាំមើលគ្រុំបងពងមិនចេះធុញ
(ស) ឈប់សិន!ឈប់សិនអ្នកប្រុសសង្វិត កុំដូចកាំបិទហាន់លើជ្រុញ
ខ្ញុំចង់ដឹងពីវិជ្ជាចំណេះ ចេះនឲមិនបាច់រៀនហើយចេះមិនធុញ
(ប) បើអញ្ចឹងចាំស្តាប់ណា៎អ្នកត្រឡុញ ខ្ញុំឆ្លើយមិនធុញឲ្យអ្នកស្តាប់។
វិជ្ជាដែលចេះមិនបាច់រៀន ខ្ញុំឆ្លើយមិនអៀនតាមលំដាប់
គឺមានប្រាំយ៉ាងចូរនាងស្តាប់ ខ្ញុំនឹងរៀបរាប់ឲ្យពិស្តារ។
ទីមួយកើតឡើងគឺចេះយំ ទីពីរចេះសើចណា៎ជីវ៉ា
ទីបីចេះស៊ីចេះភោក្តា ទីបួនឆ្លេឆ្លារកទៅបង្គន់។
(ស) មួយពីរបីបួនរណ្តំ ឆ្លើយហ្នឹងឆ្លើយសមល្អពេកពន់
តែនៅខ្វះមួយណា៎តូចតន់ ឆ្លើយឲ្យរួសរាន់កុំសង្ការ។
(ប) ទីប្រាំគឺវិជ្ជាដួងចិត្ត អ្នកស្រុកឆ្ងាយជិតថាស្នេហា
វិជ្ជានេះគ្មានរៀនពីអ្នកណា ប្រុសស្រីគ្រប់គ្នាចេះទាំងអស់
បបោសអង្អែលសព្វគៀនកោះ តាំងពីចុងសក់ដល់បាតជើង។
(ប) វិជ្ជានេះខ្លាំងជាងគេឯង ជួនត្រជាក់ស្រេង ជួនដូចភ្លើង
ជួនប្រកាច់តូចដួលបះជើង ទាំងគេទាំងយើងដឹងសាយសុះ។
ខ្ញុំឆ្លើយគ្រប់ហើយណា៎សស្រស់ស្រី ខុសត្រូវម្តេចក្តីសូមថាចុះ
(ស) ប្រុសឆើ្លយមកនេះត្រូវទាំងអស់ ស្រីស្រីស្រស់សូមចាញ់ប្រុសបងហើយ។
(ស).(និយាយ) យី!...ពុកវា ចុះអាន្ទិតនេះមកពីណា បានជាច្រៀងទាល់ តែកូនយើងឆ្លើយមិនរួច?
(ប) ហ៊ឺស...គួឲ្យក្តៅក្រហាយណាស់មិនអីទេ ចាំអញឡើងទៅសាប់!
(ប) កណ្តូបកណ្តៀរនៅវត្តកណ្តាល កណ្តូបជិះផាលទវត្តកណ្តឹង
អន្ទិតឯងចេះមកពីណា បានជាវោហាគួរឲ្យអញខឹង
កូនក្រមុំអញស្អាតម្លឹងៗ ម្តេចក៏ខំប្រឹងពោលមិនគប្បី?។
(ប) ទេសូមលោកអ៊ំកុំពោលផ្តេសផ្តាស ប្រយ័ត្នខ្ញុំទះប៉ើងទៅដល់ដី
ទេសូមលោកអ៊ំកុំពោលផ្តេសផ្តាស ប្រយ័ត្នខ្ញុំទះប៉ើងទៅដល់ដី
(ប) យ៉ស់ អាក្មេងតូចមេដៃ តិចអញញិចដូចចៃកុំឲ្យសល់។
(ប) ចៃខ្ញុំជាចៃជើងប្រាំបី ញិចត្រិមម្រាមដៃ ត្រឹមតែស្រងល់
វានេះលូនត្បុលចូលដល់គ្រលៀត ឲ្យភ្លាត់ស្នៀតចូលទៅសល់គល់
កើតកូនពូនចៅច្រើនពេកសល់ ស៊ីរះដល់គល់ សែងទំលាក់ទឹក។
(និយាយ)(ស) អៃយ៉ា!...ឪវាចាញ់អាអន្ទិត ទៅទៀតហើយ នៅធ្វើអ្វីទៀត ឡើងទៅពន្លះវាសិន!...
(ប) អ៊ើ!...អ៊ំស្រីខំឡើងមកធើអី ព្រោះនាងមេត្រីចាញ់ខ្ញុំទាំងរស់
បើតាមពាក្យលោកពូស្តី ខ្ញុំត្រូវធ្វើប្តីកូនលោកអ៊ំស្មោះ
(ស) ថយចេញ ថយចេញអ្នកកម្លោះ ប្រយ័ត្នអញគក់មួយកែងដៃ។
ឯងនេះចំជារំខានមែន ធ្វើឲ្យបុណ្យទានអាប់រស្មី
(ប) ទេ ចុះក្រែងឈ្នះព្រមធ្វើប្តី ឥឡូវម្តេចស្តីផ្តេសផ្តាសទៅវិញ?។
(និយាយ) យី រកតែកត់ឈ្មោះអ្នកចូលបច្ច័យមិនបាន វាយ៉ាងម៉េចទៅហើយ
អ្នកច្រៀងអាយ៉ៃ ទាំងអស់ហ្នឹង?
(ស) អាយ៉ៃរវល់តែឈ្លោះគ្នា ខ្ញុំអ្នកដើមការ មិនឲ្យលុយ
អ្នកដែលចូលមកចាប់កុសល គេនាំគ្នាចេញទៅវិញរពុយ
(ប) ម៉េចក៏ថាមិនឲ្យលុយ ខាតបង់សោហ៊ុយខ្ញុំអស់សន្ធឹក
(ស) រឿងនេះមកពីអន្ទិតឯង ចូលមកចាត់ចែងនាំឲ្យវរវឹក
(ប) អៃយ៉ា រោងលាន់គ្រឹកៗ ខំនៅវរវឹកដល់ណាទៀត?
(សំរែក) បាក់រោងអាយ៉ៃហើយ!... បាក់រោងអាយ៉ៃហើយ!...