Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត
English
What Can't be cured, must be endured
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ
Meaning
កុំទុកចិត្តមនុស្ស ទោះក្នុងប្រភេទណាក៏ដោយ
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ
Detail
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំ លែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្ដាំមេជី
អត្ថាធិប្បាយ
នេះជាពាក្យកំណាព្យស្រង់ចេញពីច្បាប់ឈ្មោះ «រាជនេតិ» តែងដោយព្រះរាជសម្ភារ ។ មុននឹងធ្វើអត្ថាធិប្បាយ យើងគួររៀនពាក្យខ្លះដែលជាគន្លឹះសម្រាប់ជួយឲ្យងាយយល់នូវសំដីទាំងអស់នេះ ដូចតទៅ ៖ បរទេស មនុស្សដទៃក្រៅពីខ្លួនយើង ក្រៅពីគ្រួសារយើង ក្រៅពីសង្គមយើង ក្រៅពីជាតិយើង … អភិនេស្ក្រម៍ (អានថា អាក់‑ភិ‑នេស) អ្នកបួស បព្វជិតគ្រប់សាសនាទាំងអស់ អភិប្រាយ (អានថា អាក់‑ភិ‑ប្រាយ) សំដីព្រោកប្រាជ្ញ វោហារ ជួនរណ្ដំ ហូរដូចទឹក ប្រើទំ ខ្លួនជាអ្នកតូចតាច អង្កាច់អង្កោច ហើយកាន់ឫកពា ធ្វើហាក់ជាអ្នកចេះ ជាអ្នកចាត់ការ ឬជាអ្នកមុខអ្នកការ ក្នុងពិធីអ្វីមួយ ដែលគេមិនបានចាត់តាំងខ្លួនសោះ មេជី ស្ត្រីមានេះវ័យចំណាស់ កោរសក់ ស្លៀកពាក់លឿងឬពណ៌ស ហើយកាន់សីល ១០ជានិច្ច ច្រើននៅជាមួយព្រះសង្ឃក្នុងវត្ត ដើម្បីប្រព្រឹត្តធម៌ ។ ជួនកាល យើងហៅថា យាយជី ។ ច្បាប់រាជនេតិ ប្រដៅកូនចៅខ្មែរឲ្យចាំជានិច្ចនូវរឿងសំខាន់បួនប្រការដែលជារឿងទាក់ទងនឹងអាយុជីវិតរបស់ខ្លួន របស់គ្រួសារខ្លួន របស់សង្គមខ្លួន ជាតិខ្លួន និងប្រទេសរបស់ខ្លួន ដូចតទៅនេះ ៖១. កុំទុកចិត្តបរទេស
គួរចាំថា អ្នកណាក៏ដោយដែលចូលមកជួយយើង បើគេមិនបានចំណេញអ្វីពីយើងទេ គេប្រាកដជាមិនបង្ខាតពេលវេលារបស់គេទេ ។ ព្រះវេស្សន្ដរដែលហ៊ានចំណាយទ្រព្យទាំងឃ្លាំង រហូតលះបង់ប្រពន្ធ និងកូន ឲ្យទៅតាជូជកព្រាហ្មណ៍ ។ល។ ក៏ព្រោះតែចង់បានចំណេញអ្វីមួយមកវិញដែរ គឺចង់ធ្វើជាព្រះពុទ្ធ ។ នៅក្នុងលោកនេះ មានមនុស្សតិចណាស់ដែលមានសន្ដានស្មោះត្រង់ កាន់សច្ចៈ សុចរិត យុត្តិធម៌ ពិតប្រាកដ ជួយគេដោយគ្មានបំណងចង់ទាក់ទាញយកផលកម្រៃមកដាក់ហៅប៉ៅខ្លួន ។ ដោយហោចណាស់ គេចង់បានឈ្មោះល្បីថាជាអ្នកជួយ ជាមនុស្សសប្បុរស ជាអ្នកសាសនា ជាអ្នកបួស ។ល។ ដោយហោចនេះ គួរយល់ថា ជំនួយឬអំណោយខ្លះគឺជា «នុយ» សម្រាប់ស្ទូចយកអ្វីមួយពីយើង ។ យើងត្រូវតែប្រុងប្រយ័ត្ន កុំទុកចិត្តទាំងស្រុង កាលណាបរទេសណាម្នាក់យកអ្វីមួយមកឲ្យយើង ធ្វើឫកពាស្រគត់ស្រគំ រម្យទមដាក់យើង ។ សុំកុំអាលអរ ក្រែងលោ «ជាប់សន្ទូច» របស់គេ ។ នៅក្នុងវប្បធម៌អាមេរិកាំង ឬជនជាតិអឺរ៉ុបភាគច្រើន គេធ្វើអំណោយទៅវិញទៅមកនៅពេលបុណ្យណូអែល ។ អំណោយដែលធ្វើក្រៅពីពេលនេះ មានដូចជាសម្រាប់បុណ្យថ្ងៃកំណើត និងអាពាហ៍ពិពាហ៍ ។ បើស្រាប់តែនៅស្ងៀមៗ ហើយយើងយកអ្វីមួយទៅឲ្យគេ គេនឹងសួរយើងថា ហេតុអ្វីបានជាអ្នកឲ្យខ្ញុំ ?២. កុំទុកចិត្តអភិនេស្ក្រម៍
ខ្មែរភាគច្រើន ឲ្យតែឃើញអ្នកណាកោរសក់ ស្លៀកពាក់ស្បង់ចីពរ ពណ៌លឿង ធ្វើឫកស្រគត់ស្រគំ រុយទំមិនបក់ បើកភ្នែកតូចៗ ដូចព្រះពុទ្ធរូបក្នុងព្រះវិហារ ។ល។ តែងនាំគ្នាគោរព ថ្វាយបង្គំ ប្រគេនចង្ហាន់ហុយ នំនែកទាំងថាស ហើយនាំគ្នាជឿទាំងស្រុងថា «អ្នកបួស» ស្វែងរកមោក្ខធម៌ពិតប្រាកដ ដោយមិនចាំបាច់សួររកឫសគល់ ប្រវត្តិរូបអ្វីទាំងអស់ ។ មនុស្សជាច្រើនដែលមិនមែនជាអ្នកបួសសោះ ហើយក្លែងធ្វើជាអ្នកបួសដើម្បីស្វែងរកលុយកាក់ ទ្រព្យសម្បត្តិ ក្នុងនាមជា «ព្រះសង្ឃ» ។ តាមការពិត មនុស្សនោះជាសត្វលា ដែលពាក់ស្បែកខ្លា ជាស្វាពាក់ម្កុដសោះ ។ នៅសហរដ្ឋ ជាពិសេស នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានអ្នកបួស និងវត្តតូចតាចជាច្រើន ដែលឋិតនៅពាសពេញ ឥតមានសង្ឃនាយកណាមួយចាំជួយណែនាំតម្រង់ផ្លូវឲ្យត្រូវតាមគន្លងព្រះពុទ្ធសាសនាសោះឡើយ ។ វត្តភាគច្រើន ឋិតនៅក្នុងភាពឯករាជ្យ គ្មានអ្នកណាត្រួតអ្នកណាទេ ។ ម៉្លោះហើយ ការប្រព្រឹត្តខុសគ្រប់បែបយ៉ាង ក៏លាន់ឮទៅគ្រប់ទិសទី ដូចជា ៖- ធ្វើគ្រូទាយ មើលរាសីឡើងចុះ មើលគូព្រេង
- ប្រើមន្តស្នេហ៍ ដើម្បីទាបប្ដី ឬប្រពន្ធដែលរត់ចោលខ្លួនទៅមានថ្មីទៀត
- ស្ដោះផ្លុំ រំដោះគ្រោះ តម្លើងរាសី ពួកស្រីៗ ដោយឱនឈ្លោកមាត់ទៅជាប់នឹងក្បាលស្រី
- ដើរស្រោចទឹក ប្រោះព្រំ ធ្វើកន្សែងយ័ន្ត តាមហាងខ្មែរ ចិនយួនខ្លះ ដើម្បីឲ្យរកស៊ីមានបានចំណេញឆាប់ ។ល។
កុំទុកចិត្តអភិប្រាយ
មនុស្សខ្លះមានវោហារប្រោកប្រាជ្ញ និយាយបែកជាអូរហូរជាស្ទឹង ហាក់ដឹងសព្វ គ្មានចន្លោះត្រង់ណា ។ អ្នកផងអង្គុយស្ដាប់ច្រហមាត់ ស្ទើរតែភ្លេចដកដង្ហើម… ។ ប្រយ័ត្ន ! មនុស្សប្រភេទនេះ ភាគច្រើនបានត្រឹមតែនិយាយចោល និយាយឲ្យគេកោតសរសើរ ឯសាច់ការវិញ ស្មើនឹងសូន្យ ។ ហេតុនេះ គួរប្រយ័ត្ន… មិនគួរទុកចិត្តអភិប្រាយខ្លាំងពេកទេ ។ប្រើចាស់ លែងទំ
ពាក្យនេះបង្កប់អត្ថន័យក្នុងភាពអាថ៌កំបាំង ។ «ប្រើចាស់» គឺកាន់ឫកខ្ពស់ ហួសពីកម្ពស់របស់ខ្លួន ដូចជា មិនចេះហើយធ្វើជាចេះ មិនមែនជានាយក ហើយធ្វើហាក់ជានាយក ត្រួតគេឯង មិនត្រូវអង្គុយជួរមុខសោះ ហើយទៅអង្គុយត្រង់នោះ ដែលជាកន្លែងគេរៀបទុកសម្រាប់ជនពិសេសមានឋានៈខ្ពស់ ។ «លែងទំ» មានន័យថា អស់យស ចុះថោក អស់តម្លៃ ។ នៅក្នុងប្រពៃណីខ្មែរ ក៏ដូចប្រពៃណីអន្តរជាតិភាគច្រើនដែរ នៅក្នុងរឿងអង្គុយ ។ តាមធម្មតា កាលណាមានពិធីអ្វីមួយ គេតែងរៀបចំកន្លែងសម្រាប់ភ្ញៀវតូចធំ ។ អ្នកមុខ អ្នកការ ត្រូវអង្គុយជួរមុខ ឯជួរបន្ទាប់គឺសម្រាប់មនុស្សដែលមានឋានៈរង (ថ្នាក់បន្ទាប់) ជួរខាងក្រោយ សម្រាប់មនុស្សសាមញ្ញ ។ មុននឹងអង្គុយត្រូវសួរខ្លួនឯងថា តើអាត្មាអញជាភ្ញៀវថ្នាក់ណា ? រួចហើយត្រូវទៅអង្គុយឲ្យត្រូវទៅតាមឋានៈខ្លួន ។ បើមិនដូច្នោះទេ គឺថាខ្លួនជាភ្ញៀវសាមញ្ញសោះ ហើយបែរទៅជាអង្គុយក្នុងជួរអ្នកមុខអ្នកការ ពេលនោះហើយត្រូវ «អស់ទំ» ព្រោះត្រូវគេដេញឲ្យចុះចេញពីកន្លែងនោះ ទៅអង្គុយខាងក្រោយវិញ ។ តាមទំនៀមខ្មែរក្នុងរឿងអង្គុយ ពេលមានពិធីបុណ្យណាមួយ បើយើងមិនដឹងអ្វីទាំងអស់ គួរអង្គុយជួរកណ្ដាលឬជួរក្រោយ ។ រង់ចាំឲ្យគេហៅសិនសឹមរំកិលខ្លួនទៅជួរមុខ ។ នេះគឺជាភាពថ្លៃថ្នូរ។ ផ្ទុយទៅវិញ ភាពថោកទាបនៅត្រង់គេបណ្ដេញពីខាងមុខឲ្យត្រលប់ទៅក្រោយវិញ ។ នេះជាន័យរបស់ពាក្យថា «ប្រើចាស់ លែងទំ» ។ ពាក្យប្រដៅទាំងប៉ុន្មានដែលរៀបរាប់មកនេះ គឺពាក្យបរិយាយ (បណ្ដាំ) របស់ដូនជី ចំពោះជនណាដែលចង់បង្កើនការចេះដឹងរបស់ខ្លួនទៅកាន់ភាពថ្លៃថ្នូរផុតពីការបោកប្រាស់នានា ដែលតែងតែមានជារឿយៗ ៕កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ
Detail
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ បើគេថាកូនមានសហាយ កុំជេរម្ដាយអ្នកស្រុក
អត្ថាធិប្បាយ
នេះជាសុភាសិតមួយយ៉ាងប្រណីត ដែលយើងម្នាក់ៗគួរយល់ឲ្យច្បាស់ ដើម្បីការពារខ្លួនឲ្យឋិតនៅក្នុងភាពប្រក្រតីជាដរាបតទៅ ផុតការបោកប្រាសគ្រប់យ៉ាង ។ កំហុសភាគច្រើនរបស់មនុស្សយើងកើតមកពីការជឿទុកចិត្តគេឆាប់ពេក ។ មនុស្សស្ទើរតែគ្រប់រូប ត្រូវជនពាលបោកប្រាស ព្រោះតែឆាប់ជឿគេពេក ។ មនុស្សខូចមានឧបាយកលច្រើនជាងមនុស្សល្អ ព្រោះថា មនុស្សខូចដេកគិត អង្គុយគិតពីស្នៀតថ្មីដើម្បីបោក ។ មនុស្សល្អ មិនមានពេលគិតរឿងដើរបោកប្រាសគេឯងដូច្នេះឡើយ ។ ហេតុអ្វីបានជាសុភាសិតនេះហាមយើងថា «កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ»? តើមេឃធ្វើអ្វីអាក្រក់ចំពោះយើង ? ការពិត លោកចង់និយាយពីការប្រែប្រួលរបស់មេឃ ដែលជួនកាលមាន ពពក ភ្លៀង ចុះអ័ព្ទ រាំង ខ្យល់ព្យុះ ។ល។ កើតមានភ្លាមៗ ដោយមិនអាចដឹងជាមុនគ្រប់ពេលបានទេ ។ យើងត្រូវតែប្រុងប្រៀបត្រៀមខ្លួន ចាំតទល់ជាមួយបញ្ហាណាមួយ (ភ្លៀង ខ្យល់ព្យុះ…) ដែលនឹងអាចកើតមានឡើង កុំជឿថា មិនជាការអ្វីទេ ដូច្នេះឲ្យសោះ ។ ការប្រយ័ត្នចាត់ទុកជាអំពើមួយជួយឲ្យយើងអាចគេចផុតពីមហន្តរាយ ដែលតែងកើតមានជារឿយៗដល់មនុស្សលោក ។ ព្រះពុទ្ធបានទូន្មានថា «ជាមនុស្សត្រូវតែមានការប្រុងប្រយ័ត្ន គ្រប់ឥរិយាបថ ទាំង៤ (ដេក-ដើរ-ឈរ-អង្គុយ) ទើបអាយុវែង… » ។ «បើគេថាកូនមានសហាយ កុំជេរម្តាយអ្នកស្រុក» តើពាក្យនេះមានន័យយ៉ាងណា ?| ភាគច្រើន ដោយសារការមមាញឹកនៅក្នុងអាជីវកម្មរាល់ថ្ងៃ មាតាបិតាមិនអាចតាមដានឲ្យដឹងថា កូនរបស់ខ្លួនដើរតាមគន្លងច្បាប់ ឬគន្លងប្រពៃណីដូចក្មេងធម្មតា ឬមួយទៅលបលួចមានសហាយស្មន់… នោះបានឡើយ ។ ការលួចលាក់រួមស្នេហ៍ជាមួយគូស្នេហ៍ (ប្រុស ឬស្រី) អាចគេចផុតពីភ្នែកមាតាបិតា ប៉ុន្តែមិនអាចលាក់ជិតពីភ្នែកអ្នកស្រុកបានឡើយ ។ ព្រោះហេតុអ្វី ? ព្រោះភ្នែកអ្នកស្រុក គឺជា «ភ្នែកម្នាស់» មានចំនួនរយពាន់ភ្នែក តើគេចទៅខាងណាទើបផុត ? ដោយហេតុនេះ បើជនណាម្នាក់ នាំយកដំណឹងអាក្រក់បែបណាម៉្យាងពីកូនរបស់យើងមកប្រាប់យើង គួរចាត់ទុកថាដំណឹងនោះជាដំណឹងល្អសម្រាប់យើងតាមដានជាបន្ទាន់ តើជារឿងពិតមែនឬមិនមែន ? មិនគួរច្រឡោតខឹង ជេរប្រទេចមនុស្សដែលជាអ្នកប្រាប់នោះទេ ។ ជាការល្អ យើងគួរថ្លែងអំណរគុណគេ ដោយស្មោះអស់ពីពោះ ព្រោះថា បើគេមិនមកប្រាប់យើងទេ តើយើងអាចតាមដានដើម្បីជួយកូនឲ្យដើរផ្លូវត្រូវឡើងវិញឲ្យទាន់ពេលបានដែរឬទេ ?ផលអាក្រក់ព្រោះខឹង
មានមនុស្សមួយចំនួន ចាប់ច្រឡោតខឹង រួចជេរគេឯង នៅពេលដែលគេប្រាប់ថា «កូនមានសហាយ…» ដោយប្រកាន់ជឿថា កូនខ្លួនមិនធ្វើអាក្រក់របៀបនោះទេ ព្រោះត្រកូលពូជពង្សរបស់ខ្លួនជាត្រកូលខ្ពស់ មានការអប់រំត្រឹមត្រូវ ខុសពីអ្នកឯទៀត…! ។ ជាងនេះទៅទៀត គាត់ចោទប្រកាន់ថា ពាក្យដែលអ្នកនោះនិយាយ គឺជាការមួលបង្កាច់បង្អួចកូនរបស់គាត់ទទេៗ ។ល។ ហើយកំហែងថា នឹងប្តឹងរឿងបង្កាច់នេះឲ្យតុលាការរកខុសត្រូវឲ្យ…..! ប្រសិនបើជនណាម្នាក់មានគំនិតដូចខាងលើនេះ ជននោះប្រាកដជាលែងបានទទួលដំណឹងអ្វីទាំងអស់ ដែលទាក់ទងនឹងកូនរបស់ខ្លួន រហូតដល់ពេលមួយនោះ អ្វីៗទាំងអស់បានធ្វើដំណើរជ្រុលឆ្ងាយទៅមុខ ព្រោះខឹង ព្រោះអស់សង្ឃឹម ព្រោះបាក់មុខ ព្រោះបង់ខាត ។ល។ គួរចងចាំថា កំហុស និងវិបត្តិ តែងកើតមានដល់មនុស្សលោករាល់រូប និងរាល់ត្រកូល ទោះបីជាត្រកូលខ្ពស់ ឬទាបថ្នាក់ណាក៏ដោយ ។ ក្នុងគ្រួសារមួយ ដែលមានកូនចាប់ពីម្នាក់ឡើងទៅ មិនមែនសុទ្ធតែប្រកបដោយធម៌ ឬបានមកដោយធម៌ ទាំងអស់នោះទេ ។ ដោយហោចណាស់ ក៏មានកូនមួយនោះ ធ្វើឲ្យមាតាបិតាចំបែងខ្លះមិនខាន ។ ដូច្នេះ បើកូនធ្វើខុស រហូតដល់ថ្នាក់ជាប់គុក ឬបាត់បង់ជីវិត វាមិនមែនជាកំហុសរបស់មាតាបិតាទាំងស្រុងនោះទេ មិនមែនជារឿងបាក់មុខបាក់មាត់ដល់វង្សត្រកូលនោះទេ ព្រោះនៅក្នុងលោកនេះ តើមានមាតាបិតាប៉ុន្មាននាក់ ដែលមិនចង់ឃើញកូនឡើងឋានៈជាអភិជន ?កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទិកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយថាឥតបំណុល
English
Three things are not to be trusted: a cow's horn, a dog's tooth, and a horse's hoof
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល
Meaning
ក្នុងលោកនេះគ្មានអ្វីគួរឲ្យទុកចិត្តបានទេ
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធ ថាឥតសហាយ កុំទុកម្ដាយ ថាឥតបំណុល
Detail
អត្ថាធិប្បាយ
អ្នកដែលសរសេរដំបូន្មាននេះ ប្រហែលជាមានការពិសោធន៍ច្រើនក្នុងជីវិតរបស់គេ ទើបបានជាសរសេរពាក្យនេះ ទុកជាមេរៀនសម្រាប់មនុស្សជាន់ក្រោយ ។ ហេតុអ្វីបានជាគេមិនឲ្យទុកចិត្តមេឃ? រឿងមេឃ គឺជារឿងទាក់ទងនឹងភ្លៀង ក្ដៅត្រជាក់ ខ្យល់ និងព្យុះ ។ រឿងទាំងនេះ ឥតមានអ្នកណាដឹងប្រាកដជាមុនទេ ទោះបីសម័យនេះ មានឧបករណ៍ទំនើបសម្រាប់ពិនិត្យដឹងជាមុនយ៉ាងណាក៏ដោយ ក៏ជួនកាល ខុសទទេ ។ ប្រពន្ធ ឬ ប្ដី រស់នៅជាមួយគ្នារាល់ថ្ងៃ ជួនកាលប្រែជាផិតក្បត់ លបលួចមានសហាយក៏មាន ព្រោះថា ចិត្តមនុស្សទូទៅ មិនសូវខុសគ្នាប៉ុន្មានទេ កាលណាឃើញអ្នកណាម្នាក់ដែលស្រស់ជាង សង្ហាជាង ចេះជាង ។ល។ តែងមានទឹកចិត្តស្ទុះកញ្ជ្រោលទៅរកអ្នកនោះ ។ ជួនកាល សុបិនរបស់គេអាចក្លាយជាពិត ជួនកាលបានត្រឹមតែលួចស្រលាញ់ ។ នេះជារឿងធម្មតារបស់មនុស្សដែលមានឋានៈជាបុថុជ្ជន ។ ប្រហែលជាមានមនុស្សតិចគ្នាណាស់ ដែលមានភក្ដីភាពដូចនាងកង្រីទៅលើគូជីវិតរបស់ខ្លួន ។ ម្ដាយឪពុករបស់យើង ក៏ជាមនុស្សដូចអ្នកឯទៀតដែរ គឺថា មិនមែនមានគ្រប់គ្រាន់ គ្រប់ពេលវេលានោះទេ ។ គាត់អាចនឹងមានបំណុល ។ កុំជឿទុកចិត្តថា គ្មាននោះឲ្យសោះ ។ អ្នកអានគួរពិចារណារកការពិតទៅតាមគំនិតរបស់ខ្លួន ។ សុភាសិតនេះមិនមែននិយាយទម្លាក់កំហុស ឬចោទប្រកាន់ថា មនុស្សទាំងអស់សុទ្ធតែផិតក្បត់គ្នា ឬសុទ្ធតែមានបំណុលនោះមិនមែនទេ ៕កុំទុកចិត្តមេឃ ទុកចិត្តផ្កាយ
Detail
ពាក្យនេះលោកពោលជាឱវាទ
ឲ្យយើងចេះប្រើប្រាជ្ញាស្អាត កុំឲ្យប្រមាថធ្វេសគំនិត ។
ហេតុណាមិនគួរកុំបីជឿ កុំមានជំនឿថាមិនពិត
មនុស្សណាមិនស្រួលកុំទុកចិត្ត កុំស្និទ្ធកុំស្នាលកុំអាលគប់ ។
ទោះបីមនុស្សល្អដែលជាមិត្ត ក៏កុំទុកចិត្តឲ្យស្និទ្ធស៊ប់
ប៉ុន្តែត្រូវយកជាសម្ភព សេពគប់ជាមិត្តឲ្យមាំមួន ។
ត្រូវប្រុងស្មារតីជាប់ជានិច្ច ឲ្យដឹងកលកិច្ចអស់សំនួន
កុំបីជឿគេដល់ភ្លេចខ្លួន ដូចក្បួនភាសិតពោលខាងលើ ៕ន័យខ្លះថា កុំជឿមេឃកុំជឿផ្កាយ កុំជឿកូនថាគ្មានសាហាយ កុំជឿម្ដាយថាគ្មានបំណុល
ឲ្យយើងចេះប្រើប្រាជ្ញាស្អាត កុំឲ្យប្រមាថធ្វេសគំនិត ។
ហេតុណាមិនគួរកុំបីជឿ កុំមានជំនឿថាមិនពិត
មនុស្សណាមិនស្រួលកុំទុកចិត្ត កុំស្និទ្ធកុំស្នាលកុំអាលគប់ ។
ទោះបីមនុស្សល្អដែលជាមិត្ត ក៏កុំទុកចិត្តឲ្យស្និទ្ធស៊ប់
ប៉ុន្តែត្រូវយកជាសម្ភព សេពគប់ជាមិត្តឲ្យមាំមួន ។
ត្រូវប្រុងស្មារតីជាប់ជានិច្ច ឲ្យដឹងកលកិច្ចអស់សំនួន
កុំបីជឿគេដល់ភ្លេចខ្លួន ដូចក្បួនភាសិតពោលខាងលើ ៕ន័យខ្លះថា កុំជឿមេឃកុំជឿផ្កាយ កុំជឿកូនថាគ្មានសាហាយ កុំជឿម្ដាយថាគ្មានបំណុល
កុំទុំមុនស្រគាល
Detail
សុភាសិតនេះប្រាជ្ញបុរាណ
ប្រដៅមហាជនគ្រប់អង្គប្រាណ ឲ្យបានប្រឹងប្រៀនរៀនសិក្សា ។
រៀនអ្វីត្រូវខំកុំអៀនប្រៀន ត្រូវរៀនឲ្យចេះស្ទាត់ណាស់ណា
បើចេះស្ទើរៗកុំអាលថា ខ្លួនបានសិក្សាចេះស្ទាត់ណាស់ ។
រៀនការណាមួយត្រូវកំណត់ ឲ្យចេះហ្មត់ចត់ប្រាកដច្បាស់
បើមិនទាន់ចេះកុំអាលផ្លាស់ ក្រឡាស់ចោលមុនយកក្រោយផ្ទួន ។
ដូចរៀនអក្សរជាដើមអាទិ៍ ត្រូវខំសង្វាតឲ្យមាំមួន
ដរាបចេះចប់គ្រប់សំនួន សឹមសម្គាល់ខ្លួនថាជ្រៅជ្រាល ។
បុរាណប្រដៅសិស្សតូចធំ ថាកុំឲ្យទុំមុនស្រគាល
គឺបើចំណេះនៅព្រាព្រាល កុំអាលលះបង់កណ្ដាលការ ៕
ប្រដៅមហាជនគ្រប់អង្គប្រាណ ឲ្យបានប្រឹងប្រៀនរៀនសិក្សា ។
រៀនអ្វីត្រូវខំកុំអៀនប្រៀន ត្រូវរៀនឲ្យចេះស្ទាត់ណាស់ណា
បើចេះស្ទើរៗកុំអាលថា ខ្លួនបានសិក្សាចេះស្ទាត់ណាស់ ។
រៀនការណាមួយត្រូវកំណត់ ឲ្យចេះហ្មត់ចត់ប្រាកដច្បាស់
បើមិនទាន់ចេះកុំអាលផ្លាស់ ក្រឡាស់ចោលមុនយកក្រោយផ្ទួន ។
ដូចរៀនអក្សរជាដើមអាទិ៍ ត្រូវខំសង្វាតឲ្យមាំមួន
ដរាបចេះចប់គ្រប់សំនួន សឹមសម្គាល់ខ្លួនថាជ្រៅជ្រាល ។
បុរាណប្រដៅសិស្សតូចធំ ថាកុំឲ្យទុំមុនស្រគាល
គឺបើចំណេះនៅព្រាព្រាល កុំអាលលះបង់កណ្ដាលការ ៕
កុំទុំមុនស្រគាល
Meaning
កុំតាំងខ្លួនធ្វើគ្រាន់មុនចេះដឹង
